ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ ដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត
…
(ឌីលី, ទីម័រខាងកើត)៖ កាលពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ បានដឹកនាំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន អមដំណើរដោយអគ្គលេខាធិការរងអាស៊ាននិងសហការី ទៅបំពេញបេសកកម្មស្វែងយល់ពីតថភាពក្នុងដំណើរការរៀបចំខ្លួនក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត។
បេសកកម្មនេះមានគោលបំណងវាយតម្លៃនូវវឌ្ឍនភាពរបស់ទីម័រខាងកើតក្នុងដំណើរការស្នើសុំចូលជាសមាជិកអាស៊ាន ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយពិនិត្យមើលគោលនយោបាយជាតិ បទប្បញ្ញត្តិ និងគំនិតផ្តួចផ្តើមនានា ដើម្បីឱ្យមានអនុលោមភាពស្របតាមគោលការណ៍អាស៊ាន។ ភាគីទាំង២ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមក ជាពិសេសឱកាស បញ្ហាប្រឈម សក្តានុពល ក៏ដូចជាចំណុចខ្វះខាតនានារបស់ទីម័រខាងកើតដើម្បីអាចឱ្យអាស៊ានជួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសផងដែរ។ ក្នុងនោះមានក្រសួងនិងស្ថាប័នរបស់ទីម័រខាងកើតចំនួន៨ ដែលដឹកនាំដោយឯកឧត្តម Domingos Lopes Antunes អនុរដ្ឋមន្រ្តីក្រសួងទេសចរ ពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ បានចូលរួមធ្វើបទបង្ហាញជូនដល់គណៈប្រតិភូដើម្បីទទួលបានព័ត៌មានបន្ថែម។ ក្រសួងនិងស្ថាប័នទាំងនោះមានដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងនេសាទ ក្រសួងសាធារណការនិងទំនាក់ទំនង ក្រសួងប្រេងកាត និងរ៉ែ ក្រសួងទេសចរ ពាណិជ្ជកម្ម និងឧស្សាហកម្ម សភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាជ្ញាធរគយ សមាគមសណ្ឋាគារ ព្រមទាំងវិស័យឯកជននានាផងដែរ។ ឯកឧត្តមអគ្គនាយក ក៏បានដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិសម្រាប់ការងារនិងការបណ្តុះបណ្តាលជំនាញ កំពង់ផែឌីលី និងកំពង់ផែ Tibar Bay ដើម្បីពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាសក្តានុពលនៃការដឹកជញ្ជូនទំនិញរបស់ទីម័រខាងកើត ផងដែរ។
ក្នុងអំឡុងបេសកកម្មនេះដែរ ឯកឧត្តមអគ្គនាយក ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Adaljiza Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត លោកស្រីទីប្រឹក្សាធនាគារ ADB និងលោកស្រី Maika Oshikawa ប្រធាននាយកដ្ឋានពិនិត្យនិងវាយតម្លៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ បន្ថែមទៀត។
បេសកកម្មរយៈពេល៤ថ្ងៃនេះ បានប្រព្រឹត្តទៅដោយទទួលបានផ្លែផ្កាគាប់ប្រសើរ។ ប្រទេសទីម័រខាងកើត បានប្តេជ្ញាបន្តផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីក្នុងការស្នើសុំចូលជាសមាជិកអាស៊ាន៕